MatePad Pro ស៊េរីថ្មីរបស់ Huawei ដើរដោយ Android 10 មែន តែមិនមានកម្មវិធី Google ទេ
ដូចដែលយើងបានដឹងហើយថា Huawei នៅតែស្ថិតក្នុងស្ថានភាពប្រឈមគ្នា ជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះ មិនបញ្ឈប់សកម្មភាពពីការដាក់បង្ហាញផលិតផលថ្មីៗ របស់ខ្លួននោះទេ។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei ក៏បានធ្វើការដាក់បង្ហាញថេប្លេត MatePad Pro ស៊េរីថ្មី របស់ខ្លួន ផងដែរ។
ដោយឡែក បើក្រឡេកទៅមើលលើលក្ខណៈសម្បត្តិពិសេសរបស់ថេប្លេតនេះវិញ MatePad Pro គឺវាមាន Hardware លំដាប់កំពូលៗ ដ៏មានអានុភាព ដូចជាបន្ទះឈីប Flagship Kirin 990 ដែលមានឃើញបំពាក់នៅលើស្មាតហ្វូនកំពូល Mate 30 Pro ជាដើម។ ដោយបានភ្ជាប់មកជាមួយជម្រើសរ៉េមទំហំ 6/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB ហើយវាមានថាមពលថ្មទំហំធំ 7,250mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 40W, សាកថ្មឥតខ្សែកម្រិត 15W និងសាកថ្មអោយឧបករណ៍ដទៃកម្រិត 7.5W ថែមទៀត។
លើសពីនេះទៅទៀត MatePad Pro គឺបានបំពាក់អេក្រង់ទំហំ 10.8 អ៊ីញ ដែលមានកម្រិតបង្ហាញ QHD 2560 x 1600 ភិចសែល ជាមួយដង់ស៊ីតេកម្រិត 289ppi និងមានផ្ទៃលាតនៃអេក្រង់ដល់ទៅ 90 ភាគរយឯណោះ។ មួយវិញទៀត រឿងមួយដែលមានមនុស្សជាច្រើនចង់ដឹងនោះគឺថា MatePad Pro មានតម្លើងមកជាមួយកម្មវិធីរបស់ Google ឬក៏អត់? សូមបញ្ជាក់ថា MatePad Pro បានដំណើរការដោយ Android 10 ជំនាន់ចុងក្រោយ ស្រោបដោយស្បែក Interface EMUI 10 ទោះជាយ៉ាងនេះក្ដី ក៏ Huawei នៅតែមិនអាចប្រើនូវកម្មវិធី Google បានដដែល ដូច្នេះ អ្នកនឹងមិនឃើញមាន Play Store នៅលើថេប្លេតនេះឡើយ។
ប៉ុន្តែ Huawei MatePad Pro ក៏នៅមានចំណុចពិសេសគួរអោយចាប់អារម្មណ៍មួយចំនួនផងដែរ ដូចជា អាចប្រើប្រាស់ជាមួយប៊ិច M-Pen បានដូចទៅនឹង Apple Pencil និងវាបានភ្ជាប់ជាមួយមុខងារបែប Desktop Mode ដែលស្រដៀងនឹង DeX របស់ Samsung អញ្ចឹងដែរ។
Post a Comment