Huawei និយាយថា បើមិនមានបញ្ហាជាមួយអាមេរិកទេ នោះគេដណ្តើមបានតំណែងលេខ 1 បាត់ទៅហើយ
សព្វថ្ងៃនេះ បើនិយាយពីឈ្មោះ Huawei ប្រហែលជាមានប្រិយមិត្តភាគច្រើន បានស្គាល់ពីស្លាកសញ្ញាមួយនេះច្បាស់ហើយ។ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដ៏ធំជាងគេបង្អស់ ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀតរបស់ចិន ហើយក៏ជាក្រុមហ៊ុនដ៏ធំ លំដាប់ទី 2 ដែលអាចលក់បានស្មាតហ្វូនចំនួនច្រើនជាងគេ បន្ទាប់ពីក្រុមហ៊ុន Samsung ផងដែរ។ ក្រៅពីផលិតស្មាតហ្វូន ក្រុមហ៊ុន មួយនេះក៏បានផលិតឧបករណ៍ អេឡិចត្រូនិចជាច្រើនទៀតផងដែរ ក្នុងរួមនោះមានដូចជា ថេប្លេត, កុំព្យូទ័រ, ឧបករណ៍បំពងសម្លេង, ឧបករណ៍ឆ្លាតវៃសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ, Power Bank, និងខ្សែដៃសុខភាព ជាដើម។
ប៉ុន្តែមើលទៅវាហាក់បីដូចជា មិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនមួយនេះទេ ព្រោះថាបើផ្អែកទៅតាមបទសម្ភាសន៍រវាង នាយកប្រតិបត្តិរបស់ Huawei និងភ្នាក់ងារសារព័ត៌មានរបស់ចិន លោក Yu Chendong បាននិយាយថា បើសិនជាគ្មានបញ្ហាសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជាការហាមឃាត់មិនឲ្យក្រុមហ៊ុន Huawei ធ្វើជំនួញជាមួយក្រុមហ៊ុនអាមេរិកនោះទេ។ នៅក្នុងឆ្នាំ 2019 នេះ ពួកគេនឹងអាចដណ្តើមបានតំណែងលេខ 1 ក្លាយទៅជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេបំផុត នៅលើពិភពលោក ពីក្រុមហ៊ុន Samsung បាត់ទៅហើយ។ គួររំលឹកផងថា កាលពីប្រហែលជា 5 ខែមុន បញ្ហាជម្លោះសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិនត្រូវបានកើតមានឡើង ជាហេតុធ្វើឲ្យធ្វើឲ្យ Huawei ជាប់ទៅជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ហេតុដូច្នេះហើយគ្រប់ស្មាតហ្វូនថ្មីៗរបស់ Huawei ដែលបង្ហាញខ្លួនជាផ្លូវការ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ មិនអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Google បាននោះទេ។
ជាក់ស្តែងដូចជា Huawei Mate 30 និង Mate 30 Pro ដែលទើបនឹងប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះ មិនបានភ្ជាប់មកជាមួយ Google Mobile Services (GMS) នោះទេ ហេតុផលមួយនេះហើយ ដែលរហូតដល់ពេលនេះ ពួកវាមិនទាន់បានបង្ហាញវត្តមាន នៅលើទីផ្សារសកលនោះទេ ដោយ Huawei បានដាក់លក់ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ នៅតែក្នុងប្រទេសកំណើត របស់ខ្លួនតែប៉ុណ្ណោះ។ មិនទាន់អស់នោះទេ សូម្បីតែ Huawei MatePad Pro ដែលប្រកាសចេញ កាលពីម្សិលមិញនេះក៏មិនភ្ជាប់មកជាមួយសេវាកម្មរបស់ Google ផងដែរ។ ជុំវិញបញ្ហាខាងលើនេះ បានធ្វើឲ្យក្រុមហ៊ុន Huawei ខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លូន ប៉ុន្តែក៏មិនមែនមានន័យថាប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះធ្លាក់ចុះនោះទេ។ តួយ៉ាង បើផ្អែកទៅតាមរបាយការណ៍ដែលបានមកពីក្រុមសារព័ត៌មាន Reuters បានធ្វើឲ្យយើងដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងរហូតដល់ 27% នៅត្រីមាសទី 3 នៃឆ្នាំ 2019 ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការកើនឡើងដូច្នេះ ក៏ដោយសារតែចំនួននៃការលក់ស្មាតហ្វូនរបស់ Huawei មានការកើនឡើងលើសពីការរំពឹងទុក ហើយចំនួនទាំងនោះ ភាគច្រើនបានមកពីការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនផ្ទាល់តែម្តង។
Post a Comment