Samsung បានបញ្ជាក់ថា SSD ល្បឿនលឿនជំនាន់ក្រោយ នឹងបំពាក់លើម៉ាស៊ីនហ្គេមមួយក្នុងឆ្នាំ 2020
ចំពោះប្រិយមិត្តអ្នកអាន ដែលតែងតែតាមដាន ព័ត៌មានទាក់ទងទៅនឹង ម៉ាស៊ីនហ្គេមស៊េរីថ្មីទុកឆ្នាំក្រោយរបស់ Sony គឺជា PlayStation 5 ដូច្នេះប្រាកដជាដឹងរួចហើយថា វានឹងមានល្បឿនបើកហ្គេមលឿនជាង PlayStation 4 Pro ជាច្រើនដងឯណោះ ពីព្រោះតែបានបំពាក់នូវ SSD ជំនាន់ក្រោយម្យ៉ាង មិនធ្លាប់មាននៅលើកុំព្យូទ័រនោះឡើយ។ សូម្បីក្រុមហ៊ុន Sony ខ្លួនឯងផ្ទាល់តែម្ដង ក៏បានអះអាងថា PlayStations 5 នឹងក្លាយទៅជាម៉ាស៊ីនហ្គេម លឿនជាងគេបង្អស់លើពិភពលោក ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ កាលពីពេលមុនៗនេះ។ មកដល់ពេលឥឡូវនេះ យើងក៏ទទួលបានដំណឹងមកថា Samsung អាចនឹងជាក្រុមហ៊ុនផ្គត់ផ្គង់ SSD ល្បឿនលឿនជំនាន់ក្រោយនោះ ទៅឲ្យក្រុមហ៊ុន Sony ផងដែរ។
ខណៈពេលដែល Samsung រៀបចំឡើងនូវព្រឹត្តិការណ៍ដាក់បង្ហាញ SSD ជំនាន់ក្រោយ ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ដោយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ក៏បានលើកឡើងមកថា ខ្លួនកំពុងតែធ្វើការសិក្សាទៅលើ SSD ប្រភេទ NVMe (Non-Volatile Memory Express) ជាលក្ខណៈជំនាន់ថ្មីម្យ៉ាង សម្រាប់បំពាក់នៅលើម៉ាស៊ីនហ្គេមក្នុងឆ្នាំ 2020 ខាងមុខនេះហើយ។ បើធ្វើការត្រួតពិនិត្យមើលលើរូប Slide ដាក់បង្ហាញនៅខាងក្រោមនេះ គឺយើងបានឃើញមាន ដៃបញ្ជាប្រភេទ DualShock ហើយដាក់នៅជិតម៉ាស៊ីនហ្គេមមួយ មានរូបរាងស្រដៀងទៅនឹង PlayStation 4 Series ថែមទៀត។ លើសពីនេះ Samsung ក៏បញ្ជាក់ប្រាប់ឲ្យដឹងថា SSD ជំនាន់ក្រោយនេះ នឹងបំបែកយុគសម័យថ្មី សម្រាប់ម៉ាស៊ីនហ្គេមស៊េរីឆ្នាំ 2020 ដោយវាមានល្បឿនបើកហ្គេម ឬបើកម៉ាស៊ីនហ្គេមលឿនជាងដល់ទៅ 3 ដងឯណោះ។ កាលពីខែឧសភាកន្លងទៅនេះ Sony ក៏ដាក់បង្ហាញឲ្យឃើញថា ហ្គេម Marvel’s Spider-Man ចំណាយពេលចំនួន 8 វិនាទី ដើម្បីបើកដំណើរការ ដោយឡែកម៉ាស៊ីនហ្គេមថ្មីចំណាយត្រឹមតែជិត 1 វិនាទីប៉ុណ្ណោះ។
ពិតប្រាកដណាស់ ក្រុមហ៊ុនយក្សទាំងពីរនេះ មិនបានបញ្ជាក់ជាផ្លូវការថា PlayStation 5 នឹងប្រើប្រាស់អង្គផ្ទុកទិន្នន័យ SSD របស់នរណានៅឡើយទេ ដែលមានល្បឿនលឿនបែបនេះ ប៉ុន្ដែឥឡូវនេះវាមានភាគរយច្រើនថា Samsung ជាអ្នកផ្គត់ផ្គង់ឲ្យតែម្ដង។ ស្របនឹងពេលនេះដែរ Microsoft ក៏បានប្រកាសប្រាប់ថា Xbox Project Scarlett ដែលជាម៉ាស៊ីនហ្គេមជំនាន់ក្រោយរបស់ខ្លួន នឹងត្រូវបានបំពាក់នូវ SSD ដែរ ដូច្នេះហើយមានតែរង់ចាំ តាមដានមើលទាំងអស់គ្នា ថាតើមកពីក្រុមហ៊ុនណាមួយ ឲ្យបានច្បាស់នៅឆ្នាំក្រោយនេះ។
Post a Comment