មុខងារ Close Friend ក្នុង Instagram អាចបង្ហាញខ្លួនលើ Facebook/Messenger Stories ឆាប់ៗនេះ
ប្រសិនបើចង់ឲ្យបណ្តាញសង្គមមួយ ទទួលបានការពេញនិយមជាងបំផុតនោះ តម្រូវឲ្យអ្នកអភិវឌ្ឍវា ព្យាយាមធ្វើការបន្ថែម នូវមុខងារថ្មីប្លែកៗ ក៏ដូចជាបន្ថែមនូវរសជាតិ នៃការប្រើប្រាស់នោះ ឲ្យបានកាន់តែទូលំទូលាយផងដែរ។ ជាក់ស្តែង ដូចប្រិយមិត្តបានដឹងហើយថា កម្មវិធី Facebook បានក្លាយជាបណ្តាញសង្គម ដ៏ពេញនិយមបំផុតមួយ នៅលើពិភពលោក ដោយសារតែវាដាក់ឲ្យប្រើប្រាស់ បានពេញលេញនូវមុខងារទូទៅ មានដូចជា Messenger និង News Feed ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ Facebook ក៏ត្រូវបានគេស្គាល់ថា ជាកន្លែងដែលមនុស្សគ្រប់រូប ងាយធ្វើការទំនាក់ទំនងគ្នា យ៉ាងទូលំទូលាយបំផុតមួយផងដែរ។ ដោយឡែក បន្តិចទៀត កម្មវិធីនេះ អាចនឹងបង្កើនភាពងាយស្រួល និងកាន់តែស្និទ្ធស្នាល មួយកម្រិតបន្ថែម សម្រាប់អ្នកប្រើប្រាស់ ព្រោះយើងទើបទទួលបានដំណឹងថ្មីមួយថា Facebook កំពុងត្រៀមខ្លួន ក្នុងការនាំយកនូវមុខងារមួយ ដូចមុខងារ “Close Friends” ក្នុងកម្មវិធី Instagram ដែរ ដោយវាមានឈ្មោះថា “Favorite” មកសម្រាប់ Messenger ដែលវាអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ធ្វើការចែករំលែកមតិកានានា ទៅក្នុងរង្វង់មិត្តភក្តិជិតស្និទ្ធ តែប៉ុណ្ណោះ។ នេះបើយោងតាមរយៈ Screenshot ដែលបានឃើញនៅលើ គណនី Twitter របស់អ្នកសារព័ត៌មាន Jane Manchun Wong បានបង្ហាញពីលក្ខណៈសម្បតិ្ត ក៏ដូចជារបៀបនៃការប្រើប្រាស់មុខងារថ្មីនេះ ដោយវាផ្តល់ភាពងាយស្រួល ត្រង់ថាវាអនុញ្ញតឲ្យយើងកំណត់ចំនួន មិត្តភកិ្តណា ដែលអ្នកពេញចិត្ត រួចចែករំលែកព័ត៌មាន ឬរូបភាពផ្សេងៗ ក្នុងបញ្ជីនោះតែម្តង។
សរុបមក ទោះបីជាវាគ្រាន់តែជាមុខងារតូចតាចមួយ តែក៏បង្ហាញឲ្យយើងដឹងថា Facebook ព្យាយាមបំពេញការងារខ្លួន ដើម្បីនាំមកនូវបទពិសោធន៍ កាន់តែងាយស្រួលមួយកម្រិតទៀត ដល់អ្នកប្រើប្រាស់កម្មវិធី របស់ពួកគេផងដែរ។ យ៉ាងណា សម្រាប់ពេលនេះ មុខងារថ្មី “Favorite” កំពុងស្ថិតក្នុងដំណាក់គម្រូនៅឡើយទេ អញ្ចឹង លក្ខណៈសម្បតិ្តរបស់វា អាចនឹងមានការប្រែប្រួលបន្ថែម នៅពេលដែលបើកឲ្យដំណើរការ ជាផ្លូវការទៀត ក៏ថាបាន។
Post a Comment