Motorola Razr ជំនាន់ទី 2 នឹងបំពាក់មកជាមួយអេក្រង់លាតពេញតែម្តង បើយោងតាមប៉ាតង់ថ្មីនេះ
ការវិវឌ្ឍន៍ខ្លួននៃស្មាតហ្វូន បានកំពុងបោះជំហ៊ានទៅមុខឥតឈប់ឈរ ហើយមិនត្រឹមតែផ្នែកល្បឿននោះទេ ដែលកាន់តែខ្លាំងឡើងៗ ដោយក្នុងនោះ រូបរាងរចនាបទក៏ជាចំនុចស្នូល ដែលអាចទាញយកទីផ្សារ ពីសំណាក់អ្នកប្រើប្រាស់រាប់រយលាននាក់ ក្នុងពិភពលោកដែរ។ ជាក់ស្តែង ចូលមកដល់ឆ្នាំ 2019 នេះ យើងឃើញថាស្មាតហ្វូន ដែលមានអេក្រង់ ចាប់ផ្តើមវិវឌ្ឍន៍ខ្លួន ជាបណ្តើរៗហើយ ដែលក្នុងនោះរួមមាន ដូចជា Galaxy Fold, Huawei Mate X និង Motorola Razr ដែលទើបនឹងបង្ហាញខ្លួន ជាផ្លូវការ កាលពីមួយសប្តាហ៍មុននេះ ជាមួយអេក្រង់បត់ខ្នាតកុនទំហំ 6.2 អ៊ីញ និងបំពាក់មកជាមួយ Hardware ពិសេសៗ រួមទាំងបន្ទះឈីប Snapdragon 710 ផងដែរ។
បើនិយាយទៅដល់ ស្មាតហ្វូនអេក្រង់បត់ Motorola Razr ជំនាន់ដំបូងនេះ ឥឡូវ យើងក៏ទទួលបានព័ត៌មានថ្មី មួយផ្សេងទៀត តាមរយៈវេបសាយ LetsGo Digital ដោយបង្ហាញឲ្យឃើញ អំពីរចនាបថរូបរាង នៃខ្សែស្រឡាយ Razr ជំនាន់ទី 2 ដែលត្រូវបានចុះក្នុង បញ្ជីការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញា នៃសហរដ្ឋអាមេរិក ហៅកាត់ថា (USPTO)។ ប្រាកដណាស់ បើតាមប៉ាតង់ដែលយើងបានឃើញ គឺត្រូវបានបង្កើតឡើង ដោយយោងទៅតាម បញ្ជីប៉ាតង់ចុះដោយក្រុមហ៊ុន Motorola ផ្ទាល់តែម្ដង ដែលជាស្មាតហ្វូនអេក្រង់បត់ ដូចជា Razr 2020 អញ្ចឹងដែរ ជាមួយនឹងការឌីហ្សាញស្រដៀងគ្នាច្រើន ប៉ុន្ដែវាមានបន្ថែម សេនស័រប៉ះនៅផ្នែក ចំហៀងទូរសព្ទ។ បើមើលទៅលើរូបភាព Render ទាំងនេះ គឺដាក់បង្ហាញឲ្យឃើញថា វាបំពាក់មកជាមួយ សេនស័រសរុបដល់ 4 កន្លែងឯណោះ ដោយនៅផ្នែកខាងលើ មានចំនួន 2 និង 2 ទៀតនៅផ្នែកខាងក្រោម ដោយពួកវាមានមុខងារពិសេសៗ អាចជំនួសឲ្យប៊ូតុងពិតៗបាន នៅពេលចុចសង្កត់ពីលើ។
ម៉្យាងវិញទៀត នៅលើសេនស័រ ដែលស្ថិតនៅផ្នែកចំហៀង របស់ស្មាតហ្វូនមួយនេះ នឹងបំពាក់មកជាមួយ មុខងារសរុបចំនួន 20 ព្រមទាំង Gesture ចំនួន 20 ផ្សេងៗខុសគ្នាទៀត ដោយក្នុងនោះ នៅពេលដែលស្មាតហ្វូននេះ ស្ថិតក្នុងលក្ខណៈអេក្រង់លាតពេញ វាអនុញ្ញាតឲ្យយើងប្រើប្រាស់មុខងារ និង Gesture ចំនួន 13 ចំណែកឯ ពេលដែលវាធ្វើការបត់ជាពីរចូលគ្នាវិញ វាអាចប្រើប្រាស់មុខងារ និង Gesture ចំនួន 7 តែប៉ុណ្ណោះ។ តាមរយៈប៉ាតង់នេះដែរ ក៏បានបង្ហាញឲ្យយើងដឹងថា ស្មាតហ្វូនអេក្រង់ជំនាន់ក្រោយ របស់ Motorola មួយនេះ នឹងប្រើប្រាស់សេនស័រ ស្កេនស្នាមម្រាមដៃ ស្ថិតក្រោមអេក្រង់ ដូចទៅនឹងស្មាតហ្វូនមួយចំនួន ក្នុងពេលបច្ចុប្បន្នផងដែរ ប៉ុន្តែ ខុសគ្នាត្រង់សេនស័ររបស់វា មានទីតាំងស្ថិត នៅផ្នែកខាងក្រោមបង្អស់ នៃចង្ការរបស់ទូរសព្ទ។
សរុបមក ចំពោះរូបពុម្ភគម្រូ នៃស្មាតហ្វូនអេក្រង់បត់ ជំនាន់ទី 2 របស់ Motorola នេះ យើងមិនទាន់ធ្វើការបញ្ជាក់បានថា វានឹងមានរចនាបថ បែបហ្នឹងទាំងស្រុង នៅឡើយទេ ព្រោះដូចយើងបាន ដឹងហើយថា វាគ្រាន់តែជាការបញ្ចេញគំនិត និងនៅកំពុងព្យាយាម ធ្វើការស្វែងរក ដំណោះស្រាយក្នុងការបង្កើត នៅឡើយទេ។ ហេតុដូច្នេះ ទោះបីជាប៉ាតង់ត្រូវបាន បោះពុម្ភចេញមកក៏ដោយ ប៉ុន្ដែមិនប្រាកដថានឹងអាច មានចេញលក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះឡើយ។
Post a Comment