Galaxy Watch Active 2 ទទួលបានកំណែអាប់ដេតថ្មី ដើម្បីពង្រឹងបន្ថែមលើបទពិសោធន៍ប្រើប្រាស់
កាលពីមួយសប្តាហ៍មុននេះ នាឡិកាវៃឆ្លាត Galaxy Watch Active ទទួលបានកំណែអាប់ដេតថ្មី ដោយបន្ថែមមកជាមួយ មុខងារថ្មីៗមួយចំនួន ដែលមាននៅលើនាឡិកា វៃឆ្លាតជំនាន់បន្ទាប់ របស់ Samsung។ ហើយមកដល់ ថ្ងៃនេះ ក្រុមហ៊ុន ក៏ទើបនឹងទម្លាក់កំណែអាប់ដេតថ្មី ទៅឲ្យ Galaxy Watch Active 2 នេះផងដែរ តែមិនទាន់ទទួលបានការអាប់ដេត ទូលំទូលាយនៅឡើយទេ ដោយក្នុងនោះ មានតែនៅតំបន់មួយចំនួនតូច ដូចជាប្រទេសកូរ៉េខាងត្បូងផ្ទាល់ និងសម្រាប់នៅលើទីផ្សារ អាល្លឺម៉ង់ ជាដើម។
ចំពោះកំណែអាប់ដេតថ្មី សម្រាប់នាឡិកាវៃឆ្លាត Watch Active ជំនាន់ទី 2 នេះ គឺចង់សង្កត់ធ្ងន់ ទៅលើការជុសជួល នូវចន្លោះប្រហោងខ្លះៗ ក៏ដូចជាពង្រឹងបន្ថែម ទៅលើបទពិសោធន៍ នៃការប្រើប្រាស់ទៀតផង។ ជាក់ស្តែង វាចេញមុខមក ដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើង នៅលើមុខងារ Always On mode និងជួយពង្រឹងប្រព័ន្ធ វាស់កំណត់កាឡូរី ឲ្យកាន់តែត្រឹមត្រូវល្អប្រសើរជាងមុន តាមរយៈការប្រើប្រាស់ សេនស័រពិនិត្យចង្វាក់បេះដូង ថែមទាំង បង្កើនស្ថេរភាពទូទៅ សម្រាប់មុខងារ Bixby ផងដែរ។
ដូច្នេះ ទាំងនេះ សុទ្ធតែជាចំណុចសំខាន់ៗ នៃកំណែអាប់ដេតថ្មី ដែល Samsung បានទម្លាក់ឲ្យនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ក្នុងគោលបំណង ជួយបង្កើនសម្ថភាពវា ឲ្យកាន់តែប្រសើរល្អ ជាងនេះបន្ថែមទៀត។ បើទោះបីជាពេលនេះ វាបានធ្លាក់ទៅដល់ ទីផ្សារកូរ៉េខាងត្បូង និងអាល្លឺម៉ង់មុនគេ តែវាក៏នឹងត្រៀម ទៅដល់ប្រទេសផ្សេងៗទៀត ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយរាប់បញ្ចូល ទាំងទីផ្សារស្រុកខ្មែរយើង ផងដែរ។ អញ្ចឹងហើយ ដល់ពេលនោះ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ Galaxy Watch Active 2 មួយនេះ អាចភ្ជាប់នាឡិកា ទៅកាន់ស្មាតហ្វូន តាមរយៈកម្មវិធី Galaxy Wearable ហើយចូលទៅកាន់ About Watch > Update Watch Software និងចុចពាក្យថា Update Now ជាការស្រេច។
Post a Comment