ចិននិងបារាំងបង្ហោះផ្កាយរណបទៅសិក្សាការប្រែប្រួលអាកាសធាតុនៃភពផែនដី

ចិនបានបញ្ជូនផ្កាយរណបផលិតរួមជាមួយប្រទេសផ្សេងលើកដំបូងរបស់ខ្លួនចូលក្នុងអវកាសកាលពីថ្ងៃចន្ទទី២៩តុលា ជាឧបករណ៍មួយដែលមានភារកិច្ចព្យាករណ៍ព្យុះនិងការប្រែប្រួលអាកាសធាតុ តាមរយៈការត្រួតពិនិត្យតាមដានខ្យល់លើផ្ទៃសមុទ្រនិងរលកសមុទ្រ។
រ៉ុក្កែតLong March 2C បានចេញដំណើរពីមជ្ឈមណ្ឌលបាញ់បង្ហោះមួយនៅវាលខ្សាច់ហ្គោប៊ីរបស់ចិន។ផ្កាយរណបតាមដានសមុទ្រចិន-បារាំង(CFOSAT)ទម្ងន់៦៥០គីឡូក្រាមនេះ ត្រូវបានផលិតរួមគ្នាដោយចិននិងបារាំង ដោយវានឹងអនុញ្ញាតអោយពួកអ្នកវិទ្យាសាស្រ្តអាកាសធាតុយល់ដឹងកាន់តែប្រសើរអំពីអន្តរសកម្មរវាងមហាសមុទ្រនិងបរិយាកាស។
វាត្រូវបានបំពាក់រ៉ាដា២ មួយជាស្ពិកត្រូម៉ែត្រSWIMរបស់បារាំងដែលនឹងវាស់ទិសនិងចម្ងាយរលកសមុទ្រ ហើយឧបករណ៍មួយទៀតគឺSCATរបស់ចិនដែលនឹងវិភាគកម្លាំងនិងទិសខ្យល់។ 
រ៉ុក្កែតLong March-2Cនាំផ្កាយរណបចូលក្នុងតារាវិថីកំពស់៥២០គីឡូម៉ែត្រលើផែនដីដោយជោគជ័យកាលពីថ្ងៃចន្ទ
ឧបករណ៍ទាំងនេះនឹងអនុញ្ញាតអោយពួកអ្នកវិទ្យាសាស្រ្តប្រមូលព័ត៌មានអំពីខ្យល់និងរលកនៅទីតាំងតែមួយក្នុងពេលដំណាលគ្នាជាលើកដំបូង នេះបើតាមលោក វ៉ាងលីលី ប្រធានខាងគូរប្លង់ផ្កាយរណបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។ ចំណែក ហ្សាវ ជៀន មន្រ្តីនៅរដ្ឋបាលអវកាសជាតិចិន បាននិយាយថា« វានឹងជួយបង្កើនការអង្កេតតាមដាននិងការព្យាករណ៍នៃស្ថានភាពសមុទ្រដ៏អន្តរាយ ដូចជារលកធំៗនិងព្យុះត្រូពិក ព្រមទាំងផ្តល់ការគាំទ្រខាងសន្តិសុខសំរាប់ប្រតិបត្តិការក្នុងសមុទ្រនិងវិស្វកម្ម នាវាចរណ៍ ការនេសាទព្រមទាំងការគ្រប់គ្រងឆ្នេរ»។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគី អេម៉ានុយអែល ម៉ាក្រុង បានធ្វើការអបអរទៅវិញទៅមកតាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទ៕ដោយ៖ វាសនា

No comments