អាថ៌កំបាំងតំបន់ Bermuda Triangle (ល្បីរឿងបាត់យន្តហោះ និងនាវា) ត្រូវបានទម្លាយដោយអ្នកវិទ្យាសាស្រ្ត

អ្នកវិទ្យាសាស្រ្តម្នាក់បានធ្វើការអះអាងថា ទីបំផុតយើងបានដោះស្រាយនូវអាថ៌កំបាំងជុំវិញតំបន់ Bermuda Triangle ដែលជាតំបន់សមុទ្រប្រមាណ 700,000 km​ នៅចន្លោះរដ្ឋ Florida កោះPuerto Rico និង Bermuda ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច១០០០នាក់ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក ដោយមិនមានការពន្យល់ច្បាស់លាស់ហើយ។
អ្នកវិទ្យាសាស្រ្តជនជាតិអូស្រ្តាលី Dr. Karl Kruszelnicki បាននិយាយថា ពេលនេះគ្មានអាថ៌កំបាំងទៀតនោះទេ គ្រប់យ៉ាងគឺបណ្ដាលមកកំហុសឆ្គងរបស់មនុស្ស មិនមែនមកពីបាតុភូតុចម្លែក ឬ មនុស្សក្រៅភពអ្វីនោះទេ។ អ្នកជំនាញរូបនេះបានធ្វើការបរិយាយថា​ បើយោងតាមរបាយការណ៍ឆ្មាំសមុទ្ររបស់នៅ Lloyds of London និងសហរដ្ឋអាមេរិក ចំនួនយន្តហោះដែលបាត់ខ្លួននៅក្នុងតំបន់ Bermuda Triangle​ គឺមិនខុសគ្នាពីចំនួនគ្រោះថ្នាក់នៅតំបន់ផ្សេងក្រៅពីនេះនោះទេ បើយើងគិតជាភាគរយ។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៤៥ រឿងមួយដែលគ្រប់គ្នាគិតថាជាអាថ៌កំបាំងបានកើតឡើង ដោយយន្តហោះ TBM Avenger Torpedo Bombers ចំនួន៥ បានហោះចេញពីមូលដ្ឋានកងទ័ពUS Naval Station នៅរដ្ឋ Florida ក្នុងបេសកកម្មហ្វឹកហាត់ តែក៏បានបាត់ខ្លួនទាំង៥គ្រឿងព្រមគ្នានៅតំបន់នេះ។ បន្ទាប់ពីការបាត់ខ្លួននេះ យន្តហោះជួយសង្រ្គោះ Martin Mariner មួយគ្រឿង ដែលមានអាកាសយានិកចំនួន១៣នាក់ បានចេញទៅស្វែងរកយន្តហោះដែលបានបាត់ទាំងនោះ ប៉ុន្តែក៏ត្រូវបាត់ខ្លួនទៅជាមួយដែរ ហើយក៏រកមិនឃើញដូចគ្នា។
Dr. Kruszelnicki បាបពន្យល់ថា យន្តហោះទាំងនោះបានបាត់ខ្លួនដោយគ្មានដាន បន្ទាប់មកយន្តហោះមួយទៀតត្រូវបានបញ្ជូនទៅស្វែងរកយន្តហោះដែលបានបាត់នោះ ហើយក៏បានបាត់ខ្លួនដែរ (អ្នកខ្លះលើកឡើងថា ប្រាកដជាមានមនុស្សភពផ្កាយ)។  ប៉ុន្តែការពិតអាកាសយានិកដែលបញ្ជូនទៅនោះ មានតែម្នាក់ទេដែលមានបទពិសោធន៍ ចំណែកអ្នកផ្សេងទៀតមិនមាននោះទេ អាកាសធាតុក៏មិនល្អ ហើយមានរលកដល់ទៅកម្ពស់១៥ម៉ែត្រ។” ម្យ៉ាងទៀត “តាមរយៈរកវទ្យុទាកទង (Radio Transcripts) បានបង្ហាញថា អ្នកនៅលើយន្តហោះសង្គ្រោះខ្លះស្នើឲ្យ Lt. Taylor ដែលជាអ្នកបញ្ជាយន្តហោះ បើកទៅខាងលិច ហើយអ្នកខ្លះស្នើឲ្យបើកទៅខាងកើត ខណៈដែល Lt. Taylor ដែលជាពីឡុតនៅមានអាការធេងធោងមិនទាន់បាត់ បន្ទាប់ពីផឹកស្រាមុនឡើងបញ្ជារយាន ហើយពីឡុតរូបនេះធ្លាប់មានប្រវត្តិវង្វេង និងបោះបង់យន្តហោះរបស់ខ្លួនពីរដងមកហើយ។”
តាមការពិតទៅ យោងតាមវេបសាយUSCG ឆ្មាំសមុទ្រអាមេរិក មិនដែលចាត់ទុកតំបន់ Bermuda Triangle ជាតំបន់ភូមិសាស្រ្តដែលមានគ្រោះថ្នាក់ជាពិសេសដល់នាវា និងយន្តហោះនោះទេ។
តាមការពិនិត្យឡើងវិញលើការបាត់ខ្លួននៃយន្តហោះ និងនាវាជាច្រើននៅក្នុងតំបន់នាពេលកន្លងមក គ្មានការរកឃើញនូវមូលហេតុគ្រោះថ្នាក់អ្វីផ្សេងដូចជាការអះអាងថាមានមនុស្សភពផ្កាយចាប់ ឬ មានសត្វចម្លែកស្រូប និង ទាញ យកនោះទេ គ្រប់គ្រោះថ្នាក់ទាំងអស់សុទ្ធតែកើតឡើងពីហេតុផលទូទៅ ដូចជា កំហុសអ្នកបញ្ជារយាន ស្ថានភាពអាកាសធាតុមិនអំណោយផល ហើយ ការបាត់ខ្លួននោះក៏ប្រហែលជាមកពីការលិចបាត់ចូលទៅក្នុងបាតសមុទ្រតាមរយៈទឹកគួច និង ខ្យល់ព្យុះតែប៉ុណ្ណោះ ។
បញ្ជាក់នេះអត្ថបទខាងលើនេះ គឺដកស្រង់ចេញពីការអះអាងរបស់ Dr. Karl Kruszelnicki ចំពោះការជឿជាក់ថាការបកស្រាយរបស់គាត់សមហេតុផល ឬ ក៏អត់គឺអាស្រ័យទៅលើប្រិយមិត្តពិចារណាដោយខ្លួនឯង យើងខ្ញ៉ំគ្រាន់តែធ្វើការប្រែសម្រួលវាជាភាសាខ្មែរសម្រាប់ឲ្យប្រិយមិត្តងាយយល់តែប៉ុណ្ណោះ ។
សម្រាប់ខ្ញ៉ំ Bermuda Triangle នៅមានអាថ៌កំបាំងជាច្រើនទៀត ហើយខ្ញ៉ំក៏មិនទាន់ជឿទាំងស្រុងទៅលើការបកស្រាយរបស់គាត់ដែរ បើមានការប្រែប្រួលយ៉ាងណាទៀតទាក់ទងទៅនឹង Bermuda Traingle ខ្ញ៉ំនឹងធ្វើការចុះផ្សាយបន្តទៀត ។
អរគុណសម្រាប់ការចុចអាន ហើយក៏ស៉ំទោសដែលមុននេះអត្ថបទនេះមានបញ្ហាសម្រាប់អ្នកអាន ៕
អត្ថបទ៖ Jongdeng.net
ប្រភព៖ Ancient-Code

No comments