ឥណ្ឌានិយាយថា កម្ទេចកំទីក្នុងលំហអាកាសដែលនៅសេសសល់ពីការបាញ់បំបែកផ្កាយរណបចាស់ៗនឹងរលាយបាត់ក្នុងរយៈពេល ៤៥ថ្ងៃ
ឥណ្ឌារំពឹងថាបំណែកកាកសំណល់ដែលនៅសល់ពីការធ្វើតេស្តសាកល្បងបាញ់កម្ទេចផ្កាយរណបដែលលែងជាតម្រូវការនឹងរលាយបាត់អស់ក្នុងរយៈពេលតិចជាង ៤៥ថ្ងៃ នេះបើតាមសម្តីអ្នកវិទ្យាសាស្ត្ររបស់ខ្លួនដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ក្នុងចេតនាឆ្លើយតប និងធ្វើឱ្យស្ងប់ចិត្តដល់ការព្រួយបារម្ភរបស់ពិភពលោកពាក់ព័ន្ធនឹងកាកសំណល់ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ផែនដីយើង។
មានមតិជាច្រើនបានលើកឡើងមួយថ្ងៃបន្ទាប់ពីឥណ្ឌាបានប្រកាសជាសាធារណៈថាខ្លួនបានប្រើប្រាស់កាំជ្រួចផ្លោងបាលីស្ទីកដើម្បីកម្ទេចផ្កាយរណបមួយគ្រឿងក្នុងចំណោមផ្កាយរណបជាច្រើនទៀតដែលខ្លួនបានបាញ់បង្ហោះនៅក្នុងរយៈកម្ពស់ ១៨៦ម៉ៃល៍(៣០០គីឡូម៉ែត្រ) ក្នុងកិច្ចសាកល្បងមួយដែលមានគោលដៅពង្រឹងប្រព័ន្ធការពាររបស់ខ្លួននៅទីលំហអាកាស។
ក្រុមអ្នករិះគន់បានលើកឡើងថា បច្ចេកវិទ្យាបែបនេះ ត្រូវបានគេទទួលស្គាល់ថាមានប្រើប្រាស់នៅតែសហរដ្ឋអាមេរិក រុស្ស៊ី និង ចិនប៉ុណ្ណោះ ឆ្ងល់ថាហេតុអ្វីបានជាឥណ្ឌាអាចប្រើប្រាស់វាបានយ៉ាងដូច្នេះនោះទេ។
គួររំឭកឡើងវិញផងដែរថា នៅឆ្នាំ២០០៧ ចិនបានបាញ់កម្ទេចផ្កាយរណបមួយគ្រឿងនៅក្នុងគន្លងនៃតំបន់ប៉ូល ដោយបន្សល់នូវដុំពពកនៃកម្ទេចកំទីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងបំណែកដល់ទៅជាង៣០០០ដុំឯណោះ នេះបើយោងតាមមូលដ្ឋានសន្តិសុខពិភពលោក SWF(Secure World Foundation) ៕
Post a Comment